អ្នកឧកញ៉ា សួរ វីរៈ ផ្ដល់អំណោយអគារមួយខ្នង បំពាក់សម្ភារសិក្សាបែបទំនើប បច្ចេកវិទ្យាថ្មីៗ ដល់សាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្ដកំពង់ធំ

ជុំវិញ​ឧកញ៉ា


អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស បានឧបត្ថម្ភអគារសិក្សាចំនួន១ខ្នងដែលបំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ ព្រមទាំងមានបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ជាមួយនឹងរូបរាងអាគារថ្មីទំនើបយ៉ាងស្រស់ស្អាត ដល់សាលាបឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ បង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី១៧ មេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួយឧបត្ថម្ភអគារទំនើប បំពាក់នូវបច្ចេកវិទ្យាថ្មីៗ ពីសំណាក់អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះគឺបន្ទាប់ពីមានការស្នើសុំពីសំណាក់លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាវត្តព្រះនាង ។

បើតាមការបញ្ជាក់ពីអ្នកឧកញ៉ា សួរ វីរៈ អគារសិក្សាថ្មី ដែលផ្ដល់ជូនដល់សាលាបឋមសិក្សាវត្តព្រះនាងនេះ មានចំនួន៤បន្ទប់សិក្សា និង៤បន្ទប់ទឹក ដែលបំពាក់នូវសម្ភារសិក្សាបែបទំនើប បច្ចេកវិទ្យាថ្មី ជាមួយរូបរាងអាគារថ្មី ទំនើប ដែលអាចធ្វើជាចរន្ដក្នុងការទាក់ទាញចិត្តសិស្ស ឱ្យចង់មកសិក្សារៀនសូត្រ។

សូមជម្រាបជូនថា ក្នុងបេសកកម្មជួយដល់ការងារសង្គម ដើម្បីសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងចូលរួមក្នុងចលនាវប្បធម៌ចែករំលែក ដើម្បីកម្ពុជា មហាគ្រួសារវីរៈប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក តែងតែចូលរួមជួយ និងធ្វើកម្មវិធីសប្បុរសធម៌នានាជាច្រើន។ ហើយកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ទើបតែនាំយកថវិកាចំនួន១៣០លានរៀល ស្មើនឹងជាង៣ម៉ឺនដុល្លារ ទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ៕