អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងជាកុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល ប្រចាំនៅកម្ពុជា បានផ្ញើសារអបអរសាទរ ខួបទី៧៧ ទិវាបុណ្យឯករាជ្យជាតិ ប្រទេសអុីស្រាអែល (១៩៤៨-២០២៥) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

អ្នកឧកញ៉ាកុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល បានបង្ហោះរូបភាពអបអរសាទរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធម្សិលមិញនេះ ភ្ជាប់ជាមួយនឹងសារថា៖ “រីករាយទិវាបុណ្យឯករាជ្យជាតិលើកទី៧៧ របស់ប្រទេអ៊ីស្រអែល”។
ប្រទេសអុីស្រាអែល មានឈ្មោះជាផ្លូវការថា រដ្ឋអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានព្រំដែនគោកជាប់ជាមួយប្រទេសលីបង់នៅភាគខាងជើង ប្រទេសស៊ីរីនៅភាគឦសាន ប្រទេសហ្សកដានីនៅភាគខាងកើត និងប្រទេសអេហ្ស៊ីបនៅភាគនិរតី ព្រមទាំងមានព្រំដែនជាប់នឹងទឹកដីប៉ាឡេស្ទីន តាមរយៈតំបន់វ៉េសប៊ែង និងដែនជ្រោយកាសាផងដែរ។ រដ្ឋអុីស្រាអែល បានប្រកាសទទួលឯករាជ្យ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ត្រូវបានប្រមុខថ្នាក់ដឹកនាំ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា កុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល ប្រចាំនៅកម្ពុជា និងត្រូវបានធ្វើពិធីតែងតាំងជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអុីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕


