ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា ការកំណត់អត្រាការប្រាក់កម្ចីទិញផ្ទះត្រឹម ៦,២% ទៅ ៦,៥% ជារឿងល្អបំផុត ព្រោះអាចជួយជំរុញដល់ការលក់ផ្ទះ និងការខ្ចីធនាគារកាន់តែច្រើនជាងមុន។

ការយល់ឃើញរបស់លោកឧកញ៉ាបណ្ឌិតខាងលើនេះ គឺបន្ទាប់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែឧសភា បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដែលមានតំណាងធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា ធនាគារចិន (Bank Of China)។ ជាលទ្ធផល កិច្ចប្រជុំបានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦,២% ទៅ ៦,៥%។
ទាក់ទងបញ្ហានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ នៅថ្ងៃទី៩ ខែឧសភានេះថា ការកំណត់អត្រាការប្រាក់កម្ចីទិញផ្ទះត្រឹម ៦,២% ទៅ ៦,៥% ជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់តើលក្ខណៈសម្បត្តិបែបណាទើបអាចទទួលឥណទាននេះបាន ពីព្រោះទីផ្សារបច្ចុប្បន្នអតិថិជនដែលអាចយកឥណទានពីធនាគារបាន គឺក្នុងរង្វង់អត្រា ៨% ឬអាចលើសនេះ។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមថា បើមានធនាគារធំៗអាចផ្តល់អត្រាត្រឹម ៦,៥% ចុះក្រោម សម្រាប់លោកយល់ថាល្អបំផុត ព្រោះអាចជួយជំរុញដល់ការលក់ផ្ទះ និងការខ្ចីធនាគារកាន់តែច្រើនជាងមុន។ លោកឧកញ៉ា ក៏សូមសំណូមពរដល់ធនាគារធំៗ សូមផ្តល់អត្រាការប្រាក់ត្រឹម ៦,៥% ចុះក្រោម ទាំងអតិថិជនកម្ចីទិញផ្ទះ និងទាំងកម្ចីសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន ហើយបើធ្វើបែបនេះបាន គឺអាចជួយទាំងអ្នកទិញ និងជួយដល់អ្នកអភិវឌ្ឍន៍ផងដែរ។
គួររំឭកថា កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank និងធនាគារ SBI LY HOUR Bank ព្រមទាំងបានសម្រេចគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដោយរំពឹងថាអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល៕


