អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ អគ្គនាយកក្រុមហ៊ុន ស៊ីណាតា គ្រុប ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ មានស្រុកកំណើតនៅខេត្តក្រចេះ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ស៊ីណាតា ឯ.ក (SYNATA Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ និងសម្ភារសំណង់ជាច្រើនប្រភេទហើយក៏ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត ឯ.ក (Borey HN Development Real Estate Co., Ltd.) ដែលកំពុងសាងសង់លំនៅឋានក្នុងគម្រោងបុរី HN The Garden Villa និងក្រុមហ៊ុន អេច អិន ជី ឡូជីស្ទិក ឯ.ក (HNG Logistics Co., Ltd.) ព្រមទាំងក្រុមហ៊ុនស៊ីណាតា ស៊ីមេន ឯ.ក (SYNATA Cement Co., Ltd.) ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕

