នៅក្នុងនាមជាពុទ្ធសាសនិក ជាអ្នកកាន់និងគោរពនូវព្រះពុទ្ធសាសនា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះបានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តភ្នៀតសិម្ពលីស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ លោកជំទាវឧកញ៉ា គង់ សំណាង បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជា នៅវត្តភ្នៀតសិម្ពលីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការ ព្រមទាំងអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា និងពុទ្ធបរិស័ទជាច្រើនផងដែរ។
លោកជំទាវឧកញ៉ា គូសបញ្ជាក់ថា វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការសហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យនេះទៅតាមប្រពៃណីប្រទេសនីមួយៗ។
សូមជម្រាបជូនថា ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងដោយហេតុបីយ៉ាងគឺរំលឹកដល់ពេលដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់ចូលបរិនិព្វាន៕




