អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ របស់គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ទៀ វិចិត្រ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ហើយអ្នកឧកញ៉ា ជានិច្ចកាលតែងតែជួយការងារសប្បុរធម៌ជួយសង្គ្រោះជីវិតមនុស្ស ដូចជា ការជួយសង្គ្រោះការលិចទូករបស់ពលរដ្ឋ និងភ្ញៀវទេសចរនៅកណ្តាលសមុទ្រ និងការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ដែលរស់នៅលើកោះនានា មកសម្រាលនៅទីរួមខេត្តជាដើម។
សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕



