តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលតភ្ជាប់គ្នាដោយស្ពានថ្មីមួយ នៃក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង មានចំនួនបុគ្គលិក និងកម្មករដែលកំពុងបម្រើការងារសរុបចំនួនជាង ៥០,០០០ (ប្រាំម៉ឺន) នាក់។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន បានបង្ហាញឱ្យដឹង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានឱ្យដឹងទៀតថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើ ការងារចំនួន ៤៨,៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត ឯ.ក បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក វិញនោះ គឺកំពុងទទួល កម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។
លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូប ផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បានមកបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ។ ក្នុងចំណោមនោះ តួលេខ ឈានមុខគេគឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប តដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូប ជាដើម។ តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរលើឆាកអន្តរជាតិ និង ការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែកដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះ។
សមិទ្ធផលដ៏ធំធេងនេះ បានបង្ហាញពីការរីកចម្រើនដ៏ខ្លាំងរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក្នុងនាមជាគោលដៅ វិនិយោគឈានមុខគេនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ តំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវការវិនិយោគលើវិស័យផលិតកម្ម មានដូចជា ការតម្លើងរថយន្ត និងផលិតគ្រឿង បន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនាំចេញពីតំបន់ទាំងពីរបានឈានដល់ ៤៣១លានដុល្លារអាមេរិក ដែលកើនឡើងគួរឲ្យកត់សម្គាល់ ៨.៦% បើធៀបនឹង ៣៩៧លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
សូមជម្រាបថា រ៉ូយ៉ាល់ គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ សម្ព័ន្ធក្រុមហ៊ុននេះផ្តោតលើឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕






