អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា សរុបចំនួន ១០រូប អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមប្រភពជិតស្និទ្ធ បានប្រាប់ដល់ ឧកញ៉ា ញូស៍ នៅថ្ងៃទី២៣ ខែឧសភានេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពី សភាពាណិជ្ជកម្មកម្ពុជា។

យ៉ាងណាមិញ សម្រាប់គណៈប្រតិភូពីសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១០រូប ដែលនឹងអញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន៖ ១.អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ២.ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ៣.អ្នកឧកញ៉ា លី ឃុនថៃ ៤.អ្នកឧកញ៉ា ឡាវ កាង ៥.អ្នកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ៦.ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ៧.លោកជំទាវអ្នកឧកញ៉ា អ៊ាន អេឡែន សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ៨.លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា, ៩.ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និង ១០.ឯកឧត្តម ហ៊ន សុភ័ក្រ មន្ត្រីសារព័ត៌មានស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព» នឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នា របស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោតលើប្រជាជនជាចម្បង។
កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និង ប្រទេសចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត នយោបាយ និងសេដ្ឋកិច្ច។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្តីបារម្ភរួម៕




