ឧកញ៉ា ហុង ឆេងឈុន និងលោកជំទាវ ប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ព្រមទាំងក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលជួបសម្ដែងការគួរសម និងជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់៩១ ឈានចូល ៩២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។


ឧកញ៉ា ហុង ឆេងឈុន និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាភិបាល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ។
សូមជម្រាបជូនថា សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលប្រមូលផ្ដុំដោយសហគ្រិន ម្ចាស់ក្រុមហ៊ុន ធុរៈជន អ្នកជំនួញវ័យក្មេងកម្ពុជា ជាច្រើនរូប ក្នុងគោលបំណងប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងនូវកម្លាំងចលករ និងការផ្សារភ្ជាប់បណ្ដាញធុរជន និងអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល ដោយមាន លោកឧកញ៉ា ហុង ឆេងឈុន ជាប្រធានសមាគម។

គួរបន្ថែមថា ឧកញ៉ា ហុង ឆេងឈុន ក៏ជាស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា បុរី ឈុនទីន, ឈុនស៊ីង ស៊ីធី, ឈុនស៊ីង ខុនស្ត្រាក់សិន និងជាប្រធាននៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CEADS) បានឈានជើងចូលប្រឡូកក្នុងវិស័យសំណង់ និងអចលនទ្រព្យអស់រយៈពេលជាង ១០ឆ្នាំមកហើយ៕









