កញ្ញា គិត ស៊ូរៀ រង្សី កូនស្រីច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ចប់កម្មសិក្សារយៈពេល ៣ខែ ដោយជោគជ័យ នៅធនាគារ វីង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

បើតាមធនាគារ វីង បានបង្ហាញឱ្យដឹងថា កញ្ញា គិត ស៊ូរៀ រង្សី បានចុះកម្មសិក្សាជាមួយផ្នែកហិរញ្ញវត្ថុ នៅធនាគារ វីង ចាប់ពីខែកុម្ភៈ រហូតដល់ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង បានចេញសញ្ញាបត្រទទួលស្គាល់ចំពោះសមិទ្ធផលដ៏ឆ្នើមរបស់ ស៊ូរៀរង្សី ក្នុងកំឡុងពេលកម្មសិក្សាជាមួយផ្នែកហិរញ្ញវត្ថុនេះ និងយល់ឃើញថា ស៊ូរៀរង្សី មានការប្តេជ្ញាចិត្តខ្ពស់ មានភាពប៉ិនប្រសប់ និងទស្សនវិស័យថ្មីៗ ដែលស្របជាមួយគ្នានឹងគុណតម្លៃស្នូលរបស់ក្រុមហ៊ុនគឺ ភាពល្អឥតខ្ចោះ (Excellence)។ ធនាគារ វីង ក៏បានជូនពរ ស៊ូរៀរង្សី ទទួលភាពជោគជ័យ និងរីកចម្រើន ជានិច្ចជាកាលបន្តទៅថ្ងៃខាងមុខ ចំពោះការបន្តការសិក្សានៅប្រទេស អូស្ត្រាលី។
សូមជម្រាបថា កញ្ញា គិត ស៊ូរៀ រង្សី ដែលជាកូនទី២ បន្ទាប់ពីឧកញ៉ា គិត ស៊ូឡា (ក្នុងចំណោមបងប្អូន ៤នាក់) បច្ចុប្បន្នមានវ័យជិត ១៩ឆ្នាំ កំពុងបន្តសិក្សានៅប្រទេសអូស្ត្រាលី។ ក្នុងឱកាសខួបកំណើតកន្លងមក អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កូនស្រីដំបូងរបស់យើង ឈ្មោះ គិត ស៊ូរៀ រង្សី បានចាប់កំណើតក្នុងគ្រួសាររបស់យើង។ យើងចងចាំយ៉ាងច្បាស់ នៅពេលមើលជំហានដំបូងរបស់កូន ហើយឥឡូវនេះ កូនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលបទពិសោធន៍ថ្មីៗជាច្រើនទៀតជាមួយនឹងឆ្នាំថ្មីរបស់កូន។ ស៊ូរៀ មានភព្វសំណាង ដោយសារមានថ្ងៃកំណើតដូច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំមុន លោកជឿថា ស៊ូរៀ មានភាពចាស់ទុំយ៉ាងឆាប់រហ័ស។ កូនស្រីច្បងរបស់លោកបានចូលរួមកិច្ចប្រជុំអាជីវកម្ម និងព្រឹត្តិការណ៍សាជីវកម្មជាមួយលោក និងភរិយា រួមជាមួយនឹងកូនប្រុសច្បង ស៊ូឡា។ នេះជាការចាប់ផ្តើមនូវអ្វីដែលថ្មីៗ អ្វីមួយដែលអស្ចារ្យជាមួយនឹងដំណើរជីវិតដ៏ជោគជ័យ ដែលនឹងផ្តល់បទពិសោធន៍ឱ្យ ស៊ូរៀ នៅថ្ងៃអនាគត៕





