ឧកញ៉ា តាន់ មុនីវណ្ណ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ”

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងសហព័ន្ធយានយន្តថ្មី, ក្រុមហ៊ុន សហគ្រាសនាំចេញ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជន ពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងនីតិវិធីគយ ក្នុងការនាំចេញបម្រើឱ្យវិស័យមិនមែនកាត់ដេរ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. ភាពយឺតយ៉ាវក្នុងការផ្ញើលេខទូរកុងតឺន័រដែលត្រូវស្គេន, ២. ការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេស, ៣. នីតិវិធីគយក្នុងការនាំចេញវិស័យកសិកម្ម, ៤. ថ្លៃត្រួតពិនិត្យបន្ថែមចំពោះប្រភេទទំនិញមិនមែនសម្លៀកបំពាក់, ៥. ការនាំចេញទំនិញមានកម្រិតកំណត់ រួមនឹងបញ្ហាប្រឈមផ្សេងទៀតផងដែរ។

សូមជម្រាបថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់រួមគ្នារកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងស្ថាបនាគ្នាឱ្យកាន់តែល្អប្រសើរទៅវិញទៅមក ក្នុងការផ្តល់និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម៕