អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទទួលថវិកា និងស្បៀងនានា ពីសប្បុរសជន ដើម្បីនាំយកទៅជូនកងទ័ពកម្ពុជាដែលកំពុងឈរជើងតស៊ូការពារទឹកដីនៅតាមព្រំដែន។

ការប្រកាសរបស់អ្នកឧកញ៉ា ឈួន ហាវ៉ុន ខាងលើនេះគឺបន្ទាប់ពីកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ម្សិលមិញនេះ មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅភូមិតេជោមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា និងបានធ្វើឱ្យកងទ័ពរបស់កម្ពុជាមួយរូប បានបាត់បង់ជីវិត។
លើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃព្រហស្បតិ៍នេះ អ្នកឧកញ៉ា ឈួន ហាវ៉ុន បានលើកឡើងដូច្នេះថា៖ “មានបងប្អូនជាច្រើនបានទាក់ទងមកខ្ញុំថា បើចង់ជួយជាស្បៀងជូនបងៗកងទ័ព តើទាក់ទងតាមណា? ឥឡូវកុំឱ្យពិបាក បើបងប្អូនណាមានចិត្តចង់ចូលរួមជំនួយជាថវិកា និងរបស់ប្រើប្រាស់ ឬគ្រឿងបរិភោគជូនទៅដល់កងទ័ព អាចតាមរយៈខ្ញុំបាន ហើយបងប្អូនអាចទំលាក់ជារូបភាពនៅក្នុងខំមិនបាន។ ខ្មែរជួយខ្មែរ ដឹងគុណដល់កងទ័ពដែលការពារមាតុភូមិរបស់យើង។ នៅពេលដែលខ្ញុំបានទទួលរួចរាល់ ខ្ញុំនឹងធ្វើការបង្ហោះរាយឈ្មោះអ្នកចូលរួម”។
សូមជម្រាបថា ក្រោយហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃនេះកើតឡើង នៅថ្ងៃទី២៩ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ សម្តេចក៏មិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ព និងកងទ័ព ដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ៕




