អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានអញ្ជើញចូលរួមពិធីជំនួបគណៈប្រតិភូធុរកិច្ចឥណ្ឌា ចំនួន១២ក្រុមហ៊ុន ដែលភាគច្រើនមកពីវិស័យកសិកម្ម ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងកម្មវិធី India-Cambodia B2B កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កម្មវិធីជំនួបនេះ ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម Vanlalvawna Bawitlung។ កម្មវិធីជំនួបធុរកិច្ចអន្តរកម្ម B2B ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា InCham Cambodia និងសភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC)។
ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានជម្រាបជូនគណៈប្រតិភូធុរកិច្ចឥណ្ឌា អំពីដំណើរប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូររបស់កម្ពុជា និងការអភិវឌ្ឍន៍គោលនយោបាយ និងគំនិតផ្តួចផ្តើមអាជីវកម្ម និងវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ តំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក៏បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំ ក្នុងការសម្របសម្រួលធុរកិច្ចឥណ្ឌានៅកម្ពុជា។
ដើម្បីផ្តល់យន្តការស្ថាប័នសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ, កម្ពុជានិងឥណ្ឌា បានបង្កើតក្រុមការងាររួមគ្នាមួយ ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
សូមជម្រាបថា កម្មវិធីអន្តរកម្ម B2B របស់ឥណ្ឌា-កម្ពុជា មានការចូលរួមពីម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាង ១០០ នាក់ រួមទាំងសមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា, CEO Master Club និងតំណាងមកពីសភាអន្តរជាតិជាន់ខ្ពស់ផងដែរ៕


