នាល្ងាចថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចងក្រងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗឱ្យរួមគ្នាជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេស មកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមាដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានទីតាំងជាចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ និងជាច្រកទីផ្សារដ៏ធំទូលាយ រួមជាមួយកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន និងការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និងការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលខ្លាំងក្លា សម្រាប់ការវិនិយោគគ្រប់ប្រភេទប្រកបដោយជំនឿទុកចិត្តខ្ពស់៕













