អ្នកឧកញ៉ា សួរ វីរៈ បញ្ជូនរថយន្តវីរៈប៊ុនថាំ ទៅជួយដឹកផ្លែល្ពៅរបស់កសិករនៅខេត្តព្រះវិហារ ចំនួន ២០តោន មកលក់នៅរាជធានីភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជូនរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាច្រើនគ្រឿងទៅជួយដឹកផ្លែល្ពៅ ចំនួន ២០តោន របស់ប្រជាកសិករនៅខេត្តព្រះវិហារ ដែលកំពុងមានបញ្ហាកង្វះទីផ្សារ ដើម្បីយកមកលក់នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ បងប្អូនប្រជាកសិករនៅខេត្តព្រះវិហារ បាននិងកំពុងជួបបញ្ហាទីផ្សារក្នុងការលក់ផ្លែល្ពៅ ដែលជាកសិផលខ្មែរសំខាន់មួយផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមេត្តារួមគ្នាជួយតាមលទ្ធភាពដល់ប្រជាកសិករ។

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមិថុនា បែបនេះថា៖ “តបតាមការស្នើរសុំរបស់ក្រសួងពាណិជ្ជកម្ម ខ្ញុំបាទបានបញ្ជូនរថយន្តដឹកទំនិញ ដើម្បីជួយដល់កសិករនៅខេត្តព្រះវិហារ ដែលកំពុងជួបបញ្ហាទីផ្សារលក់ផ្លែល្ពៅចំនួន ២០តោន ទៅកាន់រាជធានីភ្នំពេញ និង ចំនួនជាច្រើនតោនបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ បើប្អូនត្រូវការទិញអាចទាក់ទងបានដឹកជញ្ជូន ១២៥០ទីតាំងរបស់សាខាវីរ:ប៊ុនថាំ។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ”។

សូមជម្រាបថា ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ បណ្តាផ្សារទំនើបធំៗមួយចំនួននៅកម្ពុជា ក៏បាននាំយកផ្លែល្ពៅមកដាក់លក់ក្នុងតម្លៃសមរម្យដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញផងដែរ៕