អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្នែកឯកជន ពិភាក្សាអំពី «ការវាយតម្លៃ និងការផ្ដល់ជាអនុសាសន៍ លើផលប៉ះពាល់ក្នុងរយៈពេលខ្លី មធ្យម និងវែង ស្តីពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ» នៅអគារ វីងថៅវើ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ាៗ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាសហប្រធានក្រុមការងារទាំង១៦ ផ្នែកឯកជន តំណាងឱ្យ ១៦ វិស័យផ្សេងៗគ្នា ព្រមទាំងថ្នាក់ដឹកនាំមកពីវិស័យឯកជនជាច្រើនរូបទៀត។
មុនកិច្ចប្រជុំនាព្រឹកនេះ កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ក៏បានដឹកនាំប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សាសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីរកគ្រប់វិធីជួយសម្រួលដល់ការលំបាក របស់កសិករ ពាណិជ្ជករ អាជីវករ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗផងដែរ។
សូមជម្រាបថា ស្ថានភាពនៃភាពតានតឹងព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធពល និងរងផលប៉ះពាល់មួយចំនួនធំដល់កសិករ ពាណិជ្ជករ អាជីវករ និងទេសចរណ៍ ពិសេសតំបន់នៅជិតព្រំដែន ចាប់តាំងពីភាគីថៃ បានបិទព្រំដែនជាឯកតោភាគីនៅតំបន់មួយចំនួន និងបិទព្រំដែនគ្រប់ច្រកទាំងស្រុង កាលពីពេលថ្មីៗនេះ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំវិស័យឯកជន បាននិងកំពុងដាក់ចេញនូវវិធានការគន្លឹះជាបន្តបន្ទាប់ ដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ពលករ ពាណិជ្ជករ និងធុរជន៕


