លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញជាអធិបតីក្នុងពិធីខួប៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង និងនាំយកថវិកា ១៣០លានរៀល ជូនក្រុមការងារ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ទ្រីភាព គ្រុប បានឱ្យដឹងថា ក្នុងឱកាសនោះ ក្រោយពីបានស្ដាប់របាយការណ៍អំពីសភាពការណ៍មូលដ្ឋាន លោកអ្នកឧកញ៉ា ទ្រី ភាព បានមានប្រសាសន៍អំពីការរំលឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងឆ្នាំនេះគឺជាខួបលើកទី ៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។

ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា ទ្រី ភាព បានជំរុញក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ ក្នុងពេលបច្ចុប្បន្ន ឱ្យប្រឹងប្រែងបន្តទៀត ដើម្បីឱ្យកាន់តែរីកចម្រើន ដែលនឹងនាំឱ្យប្រជាពលរដ្ឋកាន់តែទុកចិត្ត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា បាននាំយកថវិកាចែកជូនដល់ក្រុមការងារគណបក្សស្រុក-ឃុំ នគរបាល-អាវុធហត្ថស្រុក និងប្រជាពលរដ្ឋ ព្រមទាំងចំណាយផ្សេងៗអស់ទឹកប្រាក់ប្រមាណ ១៣០ លានរៀល៕