នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ វ៉េត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ ១០០ហិកតាដំបូង និងភាពជាដៃគូអភិវឌ្ឍន៍គម្រោង វ៉េត អ៊ែរវ៉េ នៅតំបន់តារាសាគរខេត្តកោះកុង ដើម្បីធម្មជាតិ បរិស្ថាន ភាពសម្បូរបែប និងប្រែក្លាយទីនោះជាតំបន់ទេសចរណ៍កម្រិតខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកនាពេលអនាគត។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងលោក Li Meng Chen អគ្គនាយកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសសំខាន់ៗផងដែរ។

ក្នុងឱកាសនេះ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា កិច្ចសហការដ៏ពិសេសរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងដោយផ្តោតលើការប្តេជ្ញាអភិវឌ្ឍន៍តំបន់ធម្មជាតិ ប្រែក្លាយភាពសម្បូរបែបតំបន់តារាសាគរឱ្យក្លាយជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញលំដាប់ពិភពលោកនាពេលអនាគត។ ឯកឧត្ដម អ្នកឧកញ៉ា បានបន្តទៀតថា ចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ គឺធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍តំបន់តារាសាគរទៅជាគោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដោយបញ្ចូលវប្បធម៌ បរិស្ថានធម្មជាតិ សេវាកម្មទេសចរណ៍កម្រិតខ្ពស់។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍ អ្នកឧកញ៉ា បន្តថាគម្រោងនេះក៏ផ្តល់ឱកាសការងារសំខាន់ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលវែងដូចគ្នា។
ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា គម្រោងនេះគឺលើសពីការអភិវឌ្ឍលើទំហំដី ១០០ហិកតា តែវាជាការវិនិយោគដល់អនាគតរុងរឿង ជីវិតល្អប្រសើរ និងសុខុមាលភាពរបស់ប្រជាជននៃតំបន់មួយនេះ។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា និងចក្ខុវិស័យរួមគ្នារបស់យើង តារាសាគរនឹងលេចចេញមុខមាត់ថ្មីនៃការរីកចម្រើន និងជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខ”។
អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បញ្ជាក់ទៀតថា ស្ថិតក្នុងគម្រោងនេះខ្លួនប្តេជ្ញាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពស្រស់ស្អាត ប្រណិត និងរស់រវើក។ លើសពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានតារាសាគរ តាមរយៈការបង្កើតសាលាហោះហើរ និងចំណតយន្តហោះចុះលើទឹក ដើម្បីឱ្យការធ្វើដំណើរកាន់តែងាយស្រួល។ ឯកឧត្ដម អ្នកឧកញ៉ា ជឿជាក់ថាតាមរយៈគម្រោងដ៏អស្ចារ្យនេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា តារាសាគរ គឺជាតំបន់ទេសចរណ៍ដែលមានភាពរស់រវើក ទំនើប និងជាតំបន់មួយដែលមានភាពទាក់ទាញក្នុងពិភពលោកថែមទៀតផង៕


























