អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំអង្គប្រជុំប្រចាំខែរបស់ក្រុមហ៊ុន ដេីម្បីស្វែងរកដំណោះស្រាយនៅពេលដែលប្រទេសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសជាប់ព្រំដែនជាមួយគ្នាជាមួយប្រទេសថៃ។

អ្នកឧកញ៉ាអគ្គនាយក បានបញ្ជាក់ថា សំខាន់បំផុតក្រុមហ៊ុនត្រូវតែបង្កេីនការជួយទិញកសិផល ដែលកសិករយេីងផលិតបានរួចហេីយ អាចនឹងកកស្ទះ ដោយសារតែការបិទច្រកព្រំដែនកម្ពុជាថៃ។
«សំខាន់បំផុតនោះ គឺពោតចំណីសត្វ និងដំឡូងមី ដូច្នេះហេីយក្រុមហ៊ុនត្រូវតែបង្កេីនការប្រមូលទិញ ឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន ដោយផ្លាស់ប្តូរវត្ថុធាតុដើមមួយចំនួន មកប្រេីប្រាស់ពោត ដំឡូងមី កន្ទក់ ចុងអង្ករ ជំនួសវិញ។ ទន្ទឹមគ្នានោះផងដែរយេីងត្រូវតែជំរុញបន្ថែមទៅលេីការដាំ និងចិញ្ចឹមឱ្យបានកាន់តែច្រើន ដេីម្បីត្រៀមឆ្លេីយតបនៅពេលដែលអាចខ្វះខាតស្បៀងជាយថាហេតុ»។ អ្នកឧកញ៉ា បញ្ជាក់បន្ថែម។
សូមជម្រាបថា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍។ ជោគជ័យដ៏អស្ចារ្យនេះ គឺបានមកពីការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឫទ្ធី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត។
ក្រោមសម្ព័ន្ធ ម៉ុង ឫទ្ធី គ្រុប មានសាជីវកម្មស្ទើរគ្រប់វិស័យរួមមាន៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី(ខេមបូឌា) ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា) និងក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល ជាដើម៕





