ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ប្រកាសធានាបញ្ចេញរថយន្ដក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅដឹកយកវត្ថុបូរាណខ្មែរពីប្រទេសថៃវិញដោយឥតគិតថ្លៃ ដោយមិនឱ្យថៃចេញថ្លៃចំណាយសូម្បីមួយរៀល ក្នុងពេលដែលថៃប្រកាសថាគ្មានលទ្ធភាព ខ្វះថវិកាក្នុងការដឹកជញ្ជូន។ នេះបើយោងតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ នៅលើបណ្ដាញសង្គមផ្លូវការ នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។
ការប្រកាសរបស់អ្នកឧកញ៉ា សួរ វីរៈ ធ្វើឡើងក្រោយពេលដែលលោកជំទាវ Paetongtarn Shinawatra
រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ប្រកាសថា ខ្វះថវិកាដឹកជញ្ជូនវត្ថុបូរាណមកប្រគល់ឱ្យភាគីកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។


ថ្លែងប្រាប់ ឧកញ៉ាញូស៍ប៉ុន្មាននាទី ក្រោយបង្ហាញជំហរ និងឆន្ទៈ ចង់ចូលរួមជាមួយក្រសួងវប្បធម៍ ដោយបញ្ចេញរថយន្ដក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅដឹកយកវត្ថុបូរាណខ្មែរពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អះអាងថា «បាទ! ពិតមែន បើមិនមានឧបសគ្គអ្វី ហើយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ អនុញាត ខ្ញុំថា គ្មានបញ្ហាទេ យ៉ាងច្រើនដឹកតែមួយឡានមក អស់ហើយ។»

សូមបញ្ជាក់ថានៅថ្ងៃទី៦ ខែកក្កដានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងដល់លោកជំទាវ Paetongtarn Shinawatra ដោយបញ្ជាក់ថា កម្ពុជាបានធ្វើការកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន។
ក្នុងរឿងនេះ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្នើសុំឱ្យក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងនិងពេលវេលាដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។ ភាគីកម្ពុជានឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូននេះមកវិញ។
សូមរំឭកជូនផងដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ Paetongtarn Shinawatra ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរមកកម្ពុជាវិញ។ កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃឡើយ៕






