ឧកញ៉ា តាន់ មុនីវណ្ណ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្នែក «សំណង់ និងអចលនទ្រព្យ» នៅទីស្តីការក្រសួងរៀបចំដែនដី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំផ្នែក «សំណង់ និងអចលនទ្រព្យ» នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងមានការចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងសមាជិក សមាជិកាសរុបប្រមាណ ២២រូប។

កិច្ចប្រជុំផ្នែក «សំណង់ និងអចលនទ្រព្យ» ខាងលើនេះ ធ្វើឡើងដើម្បីពិនិត្យរួមគ្នាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួតជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសាររបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥។

សូមជម្រាបថា មុនកិច្ចប្រជុំនៅទីស្តីការក្រសួងរៀបចំដែនដី ឧកញ៉ា តាន់ មុនីវណ្ណ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក៏បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ដោយមានការចូលរួមពីសំណាក់អនុសហប្រធានក្រុមការងារផ្នែកឯកជន, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនសំណង់ និងអចលនវត្ថុឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ឌ” ផ្នែកឯកជនមួយចំនួនទៀត ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕