អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានលើកឡើងថា វិរៈ ប៊ុនថាំ បានបន្ដបញ្ចេញឡានកុងតឺនឺ ចំនួន៤ឡានកុងតឺនឺ ទៅដឹក និងជួយទិញកសិផលដែលមានដូចជាផ្លែល្ពៅពីប្រជាកសិករនៅខេត្ដព្រះវិហារ ជាង១០០តោនបន្ថែមទៀត ក្នុងពេលដែលថៃបិទព្រំដែនជាឯកតោភាគីនេះ ដើម្បីជាស្មារតីខ្មែរជួយខ្មែរ ខ្មែរគាំទ្រកសិផលខ្មែរ។
ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍កាលពីថ្មីៗ នេះ អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា ការបន្ដបញ្ចេញឡានកុងតឺនឺទៅដឹកកសិផលរបស់កសិករនេះ ធ្វើឡើងតបតាមការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម។

អ្នកឧកញ៉ា បន្ថែមថា «ផ្លែល្ពៅរបស់ប្រជាកសិករយើង កន្លងទៅយកទៅលក់នៅប្រទេសថៃ ហើយនៅក្នុងពេលព្រំដែនបិទ, កសិផលរបស់គាត់ពិបាកក្នុងការនាំចេញទៅលក់។ ដូច្នេះហើយវិរៈប៊ុនថាំ ជួយដឹកខ្លះ ជួយទិញខ្លះនូវកសិផលទាំងអស់នេះ ហើយក៏ដើម្បីជួយដល់កសិករយើងផងដែរ»។
អ្នកឧកញ៉ា បានបញ្ជាក់ថា រាល់កសិផលដែលដឹកមក គឺចែកចាយនៅគ្រប់ការិយាល័យលក់របស់វិរៈ ប៊ុនថាំទាំងអស់ រួមទាំងដាក់លក់នៅតាមបណ្ដារផ្សារទំនើបមួយចំនួនទៀតផងដែរ។
សូមជម្រាបជូនថា គិតមកដល់ពេលនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានជួយដឹក និងទិញកសិផលពីប្រជាកសិករនៅខេត្ដព្រះវិហារជិត៣០០តោនហើយ៕








