អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ផលប៉ះពាល់ និងការកំណត់វិធានការពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី”

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាងផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាស្តីពី “ផលប៉ះពាល់ និងការកំណត់វិធានការពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី” នៅអាគារវីងថោវើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦, តំណាងសមាគមជាតិ-អន្តរជាតិ, តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងធុរជន-វិនិយោគិន ដែលជាអ្នកនាំចេញ-នាំចូលទំនិញសហរដ្ឋអាមេរិកជាច្រើនផងដែរ។ 

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនៃភាពប្រកួតប្រជែង ផ្តល់ជាធាតុចូល សំណើសំណូមពរ យោបល់ផ្សេងៗ ជាពិសេសបានពិភាក្សាលើ វិស័យឧស្សាហកម្មវាយនភណ្ឌសម្លៀកបំពាក់ កាបូប ស្បែកជើង, វិស័យភស្តុភារកម្ម, វិស័យកសិកម្ម , វិស័យកម្មន្តសាល, វិស័យថាមពល និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ដែលនឹងផ្តល់ផលអវិជ្ជមានដោយអត្រាពន្ធ ៣៦% របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា ហើយការអនុវត្តអត្រាពន្ធនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។

សូមជម្រាបថា កាលរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពន្ធបដិការ ឱ្យដឹងថា លទ្ធផលនៃការចរចាពន្ធគយបដិការរវាងប្រទេសទាំងពីរ បានថយចុះពី ៤៩% មក ៣៦%។ ទោះយ៉ាងណា ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីជំហររបស់ខ្លួន ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត៕