អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលគ្រប់គ្រងអភិវឌ្ឍដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ នឹងបើប្រាស់បុគ្គលិកជនជាតិខ្មែរប្រមាណ ៨០% ទៅ ៩០%។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ក្នុងឱកាសអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសេវាកម្ម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ រវាងក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports ដើម្បីគ្រប់គ្រងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «ចំនួនបុគ្គលិកជាក់ស្តែងគឺអាស្រ័យលើទំហំការងារ ប៉ុន្ដែមិនតិចជាង១ពាន់នាក់នោះទេ ដែលភាគច្រើនជាជនជាតិខ្មែរ មានប្រមាណ ៨០%ទៅ៩០%»។
ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន CAIC និងក្រុមហ៊ុន Cambodia Airports ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា៖ «តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្ម អាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោង ដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើង គឺបន្តពង្រីកព្រលានយន្តហោះអន្តរជាតិតេជោ (TIA) ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ រីឯពិធីសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕






