លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏លើកទី២ ប្រចាំឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥។

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍នេះ មានបណ្ដុំទៅដោយក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការដ៏សម្បូរបែប រួមមានទាំងសម្អាងការ ចុងភៅ ពិធីការ ការតុបតែង ថតរូប ភេសជ្ជៈ គ្រឿងអលង្ការ ពោលគឺប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់ មកដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មនីមួយៗរយៈពេលបីថ្ងៃនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា។
អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឹ ព្រេមៀ សេនធ័រ សែនសុខ បានគូសបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥ ក៏មានការប្រគុំតន្ត្រីខ្នាតធំដោយកំពូលតារាចម្រៀង ក៏ដូចជាសិល្បករ សិល្បការនី ជាច្រើនរូបទៀត។ លើសពីនេះទៅទៀត មានស្ដង់ពិព័រណ៌សម្លៀកបំពាក់អាពាហ៍ពិពាហ៍ ស្ដង់លក់វត្ថុអនុស្សាវរីយ៍ស្នាដៃរបស់កូនខ្មែរ និងមានស្ដង់ពិព័រណ៌ជាច្រើនរយស្ដង់ទៀត រួមទាំងស្តង់អាហាររាប់សិបស្តង់សម្រាប់អតិថិជនទទួលទានអាហារ និងកន្លែងកូនក្មេងតូចៗកម្សាន្ត Kid Playground យ៉ាងធំទូលាយ។
គួរកត់សម្គាល់ផងដែរថា មហាព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណជាតិដែលមិនអាចខ្វះបាន ជាពិសេស ការបង្ហាញទម្រង់សម្លៀកបំពាក់ប្រពៃណីស្របតាមពេលវេលា និងសម័យកាលប្រកបដោយក្រឹតក្រមបានត្រឹមត្រូវបំផុត ព្រមទាំងការរៀបចំនូវវេទិកាតុពិភាក្សាទាក់ទងនឹងចំណេះដឹងជាច្រើនទៀតដូចជា ការយល់ដឹងពីប្រវត្តិភ្លេងការ ទំនៀមទម្លាប់ដេញពេលវេលាថ្ងៃរៀបមង្គលការ និងសេដ្ឋកិច្ចប្រចាំថ្ងៃទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់អាពាហ៍ពិពាហ៍ផងដែរ៕














