ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថ្លែងអំណរគុណដល់ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ដែលបានស្ម័គ្រចិត្តដឹកជញ្ជូនបន្លែ តាមរយៈរថយន្តត្រជាក់ជូនកងកម្លាំងជួរមុខដោយឥតគិតថ្លៃ។

តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ឌិត ទីណា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងបែបនេះថា «ខ្មែរជួយខ្មែរ រថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដឹកជញ្ជូនបន្លែជើងទីមួយ ជូនដល់បងប្អូនកងកម្លាំងឈរជើងនៅជួរមុខតំបន់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យហើយ។
ជាសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ «ខ្មែរជួយខ្មែរ» ក្រសួងកសិកម្ម បានប្រមូលទិញបន្លែទាំងនេះពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ ដើម្បីជួយគាំទ្រអាហារូបត្ថម្ភជូនកងកម្លាំង ដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ទន្ទឹមនឹងនេះការប្រមូលទិញក៏ជួយបន្ថែមចំណូលដល់បងប្អូនប្រជាកសិករទាំងក្នុងសហគមន៍ និងក្នុងតំបន់ជុំវិញផងដែរ។
ក្នងនាមក្រសួង ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលបានស្ម័គ្រចិត្តដឹកជញ្ជូនបន្លែជូនកងកម្លាំងជួរមុខដោយឥតគិតថ្លៃ»។

សូមជម្រាបជូនថា សហគមន៍កសិកម្មទំនើបបានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលក្រុមហ៊ុនសម្របសម្រួលលើការការដឹកជញ្ជូន ហើយសហគមន៍កសិកម្មទំនើបសម្របសម្រួលប្រមូលទិញបន្លែពីកសិករជូនដល់កងទ័ពជួរមុខ។ រថយន្តក្រុមហ៊ុន វិរៈ ប៊ុនថាំចំនួន ២ គ្រឿង ជើងទី១បានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា។ ខណៈជើងទី២ នឹងដឹកជញ្ជូនបន្លែចំនួន ៧ តោនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះ ការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានគូសបញ្ជាក់ប្រាប់ឧកញ៉ាញូស៍ថា ដោយមានសំណូមពរពីក្រសួងកសិកម្មឱ្យក្រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកជញ្ជូនបន្លែចេញពីសហគមន៍ទំនើប សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ តាមរយៈ វិរៈប៊ុនថាំ រថយន្តត្រជាក់ អាចមានចំនួនលើសពី១៥តោន៕





