អ្នកឧកញ៉ា ទៀ វិចិត្រ បង្ហាញរូបរាងស្ថានីយប្រេងឥន្ធនៈថ្មីរបស់ខ្មែរជាផ្លូវការ មានឈ្មោះថា «PPC»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញជូនរាងរាងស្ថានីយប្រេងឥន្ធនៈថ្មីរបស់កូនខ្មែរជាផ្លូវការ ដែលមានឈ្មោះថា «PEACE Petroleum Cambodia-PPC» ជំនួសឱ្យ ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា ស្ថានីយប្រេងថ្មីរបស់កូនខ្មែរពិតៗ មានឈ្មោះថា «PEACE Petroleum Cambodia-PPC» ដែលប្រែថា «សន្ដិភាព» ខ្មែរធ្វើបាន អរគុណសន្តិភាពឆាប់ៗនេះ។ អ្នកឧកញ៉ា បានបញ្ជាក់ក្នុងការបញ្ចេញមតិទៀតថា «បើចង់ឈ្នះថៃ រឿងទី១ ដែលប្រជាជនខ្មែរត្រូវធ្វើនោះ គឺឈប់ប្រើផលិតផលថៃគ្រប់ប្រភេទ បើខ្មែរអាចធ្វើបាន នេះជាជ័យជម្នះទី១»។

គួររំឭកថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោក ទៀ ស្យាម ដែលជាអ្នកជំនួញបានទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី ផងដែរនោះ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA ជាច្រើនរូប ដើម្បីត្រៀមរំលាយកិច្ចសន្យា និងបង្កើតម៉ាកយីហោខ្មែរថ្មីមួយជំនួសវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

យ៉ាងណាមិញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក បានចេញសេចក្តីជូនដំណឹងជាផ្លូវការថា ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស ភេត្រូលៀម (ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ថា PPC មានចំនួនសរុប ៣៥ស្ថានីយ ដែលក្នុងនោះស្ថានីយកំពុងដំណើរការមានចំនួន ៣១ និងស្ថិតនៅក្នុងដំណើរការសាងសង់ចំនួន ៤។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរ ក្រុមហ៊ុនកំពុងគិតគូរអំពីប្រេនកាហ្វេថ្មី ដែលនឹងមានវត្តមានក្នុងស្ថានីយ PPC ហើយក្រុមហ៊ុនត្រូវការរយៈពេលយ៉ាងហោចណាស់ ៣ខែ ដើម្បីអាចធ្វើឱ្យប្រតិបត្តិការអាជីវកម្មថ្មីដំណើរការទៅបានរលូន៕