អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចូលរួមបរិច្ចាគថវិកាចំនួន ៤លានរៀល ជូនដល់មូលនិធិថ្មើរជើងទៅកាន់ខេត្តសៀមរាប តាមរយៈកញ្ញា កុយ អេនណា (Koy Anna) ដែលបានលះបង់កម្លាំងកាយចិត្ត ធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ក្នុងបេសកកម្ម ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍កម្ពុជា។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានសម្តែងការចូលរួមកោតសរសើរដល់ទឹកចិត្តដ៏សប្បុរស របស់កញ្ញា កុយ អេនណា ហើយក្នុងនោះផងដែរ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានចូលរួមចំណែក និងលើកទឹកចិត្ត ដោយចូលរួមបរិច្ចាគជាទឹកប្រាក់ចំនួន ៤លានរៀល ជូនទៅដល់កញ្ញា អេនណា ដើម្បីគាំទ្រដល់យុទ្ធនាការមួយនេះ។
កញ្ញា កុយ អេនណា បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការដ៏សំខាន់មួយនេះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កញ្ញាបានបង្ហាញសារដូច្នេះថា៖ “សូមថ្លែងអរគុណដល់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី ដែលបានចូលរួមជាមួយដំណើររបស់នាងខ្ញុំ តាមរយៈការបរិច្ចាគថវិកាសប្បុរសធម៌ ទៅក្នុងមូលនិធិថ្មើរជើងទៅកាន់ខេត្តសៀមរាប ក្នុងចំនួនទឹកប្រាក់ ៤ លានរៀល ដើម្បីជួយដល់កុមារ ឬជនមានពិការភាព និងដើម្បីទេសចរណ៍កម្ពុជា”។
បវរកញ្ញាកម្ពុជារូបនេះ ក៏បានគោរពជូនពរដល់ក្រុមគ្រួរសារនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើន រុងរឿងជានិរន្តរ៍តទៅ។ កញ្ញាបន្ថែមថា ការរួមចំណែករបស់លោកអ្នកពិតជាមានតម្លៃនៅក្នុងគ្រប់រាល់ជំហានដែលធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំចំពោះសង្គម។
សូមជម្រាបថា បវរកញ្ញា កុយ អេនណា បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ខណៈតារាស្រីរូបនេះបានធ្វើបេសកកម្មក្នុងដំណើរថ្មើរជើងជាលើកដំបូង ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”ផ្សារភ្ជាប់ក្តីសង្ឃឹមដើម្បីកុមារ ឬជនពិការនៅកម្ពុជា និងផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេស ក្រោមម្លប់សន្តិភាព។ ដំណើរថ្មើរជើងរបស់កញ្ញា អេនណា ទៅកាន់ខេត្តសៀមរាបនេះ គឺដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបផងដែរ៕



