ឧកញ៉ា ឃន ឈុនដារ៉ា ចូលរួមពិធីចុះ MOU រវាង Tube Coffee និងស្ថានីយប្រេងឥន្ធនៈ PEACE

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា និងជាស្ថាបនិក ធ្យូបកាហ្វេ (Tube Coffee) នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន ធ្យូបកាហ្វេ និងក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈថ្មីរបស់ខ្មែរ PEACE Petroleum (Cambodia)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក ទៀ ស្យាម ប្រធានក្រុមហ៊ុន PEACE Petroleum (Cambodia) និងកញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនផងដែរ។

លោក ទៀ ស្យាម ប្រធានក្រុមហ៊ុន ស្ថានីយប្រេងឥន្ធនៈ PEACE បានលើកឡើងថា នេះជាសញ្ញាបង្ហាញដ៏សំខាន់ អំពីចក្ខុវិស័យរួមគ្នារវាង PEACE Petroleum (Cambodia) និង Tube Coffee ដែលក្រុមហ៊ុនទាំងពីរ គឺជាស្នាដៃបង្កើតឡើងដោយកូនខ្មែរ ១០០% ដើម្បីបង្កើតនូវបទពិសោធន៍ថ្មីៗ និងសេវាកម្មល្អជូនអតិថិជនគ្រប់រូប។

សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum (Cambodia) ជាក្រុមហ៊ុនដែលបានប្រែក្លាយពីស្ថានីយប្រេងឥន្ធនៈ PTT និងហាងកាហ្វេ Amazon ដែលមានប្រភពពីប្រទេសថៃ ប៉ុន្តែក្រោយមានបញ្ហាព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យម្ចាស់ស្ថានីយជាច្រើនផ្លាស់ប្តូរមកជាស្ថានីយ PEACE វិញ។ កាលចុងខែសីហា ឆ្នាំ២០២៥ លោក ទៀ ស្យាម បានបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈដែលបានផ្លាស់ប្ដូរជាផ្លូវការមកជាស្ថានីយ PEACE មានចំនួនសរុប ៣៥ ស្ថានីយហើយ ខណៈដែលក្រុមហ៊ុនខ្មែរថ្មីនេះ ត្រៀមសហការជាមួយក្រុមហ៊ុនប្រេងដ៏ធំ ExxonMobil របស់អាម៉េរិក លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ ក្នុងពេលឆាប់ៗខាងមុខនេះ៕