កម្ពុជា-សិង្ហបុរី បានកិច្ចពិភាក្សាគ្នា ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid),ឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid), ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការ បណ្តុះបណ្តាល, ការកសាងសមត្ថភាព និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង និងការពង្រឹងអភិបាលកិច្ច និងគោលការណ៍គុណាធិបតេយ្យក្នុងវិស័យសាធារណៈជាដើម។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា ទោះបីជាកម្ពុជានិងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នា ប៉ុន្តែប្រទេសទាំងពីរប្រកាន់នូវគុណតម្លៃនិងទស្សនរួមគ្នា ក្នុងនាមជាប្រទេសតូច ដែលពឹងផ្អែកលើគោលការណ៍សន្តិភាព, ប្រព័ន្ធពហុភាគីនិយម និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការរស់រាន និងការអភិវឌ្ឍរបស់ខ្លួន នៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់ និងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយក្នុងនោះអាស៊ាននៅតែជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសសមាជិក ដោយរួមទាំងកម្ពុជា និងសិង្ហបុរី ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍រួម។

ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិនលំដាប់ទី៣ របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជានិងសិង្ហបុរីនៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សូមជម្រាបដែរថា តាមរយៈជំនួបដដែល កម្ពុជា-សិង្ហបុរី ក៏បានពិភាក្សាផងដែរអំពីលទ្ធភាពនៃការជំរុញការនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែឈើដូចជាទុរេន និងស្វាយ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្មថែមទៀត៕អត្ថបទ៖ហ្សាលីន


