លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ចំណាយថវិកាអស់ ១៤ម៉ឺនដុល្លារ ចូលរួមកសាងក្នុងវត្តបទុមវត្តី មកដល់ពេលបច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង បានចំណាយថវិកាអស់សរុបប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ក្នុងការចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបទុមវតីរាជវរារាម ហៅវត្តបទុមវត្តី នៅរាជធានីភ្នំពេញ រហូតមកដល់បច្ចុប្បន្ន។ នេះបើតាមការបង្ហើបឱ្យដឹងពីក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃបង្ហើយនៃការពិធីបុណ្យកាន់បិណ្ឌវេនទី១០ របស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រាបុត្រី និងសហការី។ លោកអ្នកឧកញ៉ា និងលោកជំទាវ ក៏បានអញ្ជើញរាប់បាត្រ បង្សុកូល វេរ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការទាំងប្រាំពីរសណ្ដាន ជាពិសេសយុទ្ធជន យុទ្ធនារី ដែលជាវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុជាតិព្រំដែនថៃកន្លងទៅ។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា បាននាំយកទេយ្យទានមាន អង្ករ២តោន មី ១៨កេស ស្ករស ៥បាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០គីឡូ បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៤០.០០០.០០០ រៀល។ ក្រៅពីនោះលោកទាំងពីរក៏បានប្រគេនបច្ច័យដល់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ១២.០០០.០០០ រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ១៤.០០០.០០០ រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០ រៀល ព្រះចរណវិជ្ជា ចេម ធីរៈ ២.០០០.០០០ រៀល ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៤៩៧ អង្គ/នាក់ ក៏ដូចជាចំណាយផ្សេងៗក្នុងពិធីបុណ្យទាំងមូល អស់ថវិកាប្រមាណ ៣០០.០០០.០០០ រៀល។

ក្រុមហ៊ុន ទ្រីភាព គ្រុប បានបញ្ជាក់ថា លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមកសាងក្នុងវត្តបទុមវត្តី អស់ថវិកាសរុបប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិកហើយ រហូតដល់ពេលបច្ចុប្បន្ននេះ៕