អ្នកឧកញ៉ា គិត ម៉េង ជូនពរដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ ពោរពេញដោយកតញ្ញុតាធម៌ និងសុខដុម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងគ្រួសារ សូមជូនពរដល់ពុកម៉ែបងប្អូនខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ ពោរពេញដោយកតញ្ញុតាធម៌ និងសុខដុម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ អ្នកឧកញ៉ា បានលើកឡើងថា នៅពេលទឹកភ្លៀងនៃ​រដូវវស្សាថមថយ ហើយមេឃចាប់ផ្តើមស្រឡះល្អ ប្រជាជនកម្ពុជាផ្តោតចិត្តគំនិតទៅកាន់ពេល​វេលាមួយដ៏​មានអត្ថន័យប្រចាំឆ្នាំ នោះគឺបុណ្យភ្ជុំបិណ្ឌ។ ភ្ជុំបិណ្ឌមិនមែនគ្រាន់តែជាពិធីបុណ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការ​រំឭកដ៏មានសារៈសំខាន់ចំពោះការគោរព និងការដឹងគុណរបស់យើងចំពោះបុព្វការីរបស់យើង។

ក្នុងអំឡុងពេលដប់ប្រាំថ្ងៃនៃការគោរពប្រតិបត្តិ ក្រុមគ្រួសារមកជួបជុំគ្នា វត្តអារាមពោរពេញទៅដោយក្លិន​ក្រអូប​នៃគ្រឿងសក្ការៈ និងពន្លឺភ្លើងទៀន ហើយចង្ហាន់នីមួយៗត្រូវបានរៀបចំ និងប្រគេនដោយក្តីគាប់ចិត្ត។ ទេយ្យវត្ថុ​នីមួយៗឆ្លុះបញ្ចាំងពីជំនឿមុតមាំរបស់យើងដែលបង្ហាញពីគារវកិច្ច និងស្មារតីចងចាំរបស់យើងចំពោះបុព្វការីជន។

អ្នកឧកញ៉ាអគ្គនាយក បានបន្តថា បុណ្យភ្ជុំបិណ្ឌ មិនគ្រាន់តែមានអត្ថន័យជាពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឲ្យដួងព្រលឹងវប្បធម៌​ខ្មែរផងដែរ។ ពិធីបុណ្យនេះបង្រៀនយើងថាអំពើល្អរបស់បុព្វការី​យើងជួយ​តម្រង់ផ្លូវក្នុងជីវិតបច្ចុប្បន្នរបស់យើង ហើយចំណងគ្រួសារ និងជំនឿរបស់យើងមានភាពស្ថិតស្ថេរ​រឹងមាំនៅគ្រប់​ជំនាន់។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមជាមួយសារជូនពរបែបនេះថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ អ្នកឧកញ៉ា និងគ្រួសារ សូមប្រសិទ្ធពរជ័យដល់ពុកម៉ែបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ ពោរពេញដោយកតញ្ញុតាធម៌ និងសុខដុម៕