អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជនទាំងអស់ ប្រើប្រាស់បណ្តាញសង្គម ដោយមានទំនួលខុសត្រូវ បញ្ចេញមតិប្រកបដោយក្រមសីលធម៌ ជៀសវាងការចោទប្រកាន់ដោយគ្មានភស្តុតាង ដែលអាចប្រឈមមុខនឹងផ្លូវច្បាប់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអង្គារនេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានចេញសេចក្តីជូនដំណឹងថា សូមជម្រាបជូនបងប្អូនសាធារណជនជាថ្មីថា បន្ទាប់ពីមានការបង្ហោះវីដេអូអះអាងដែលមិនពិតពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phal Chamroeun អំពីប្រភពប្រេងនាំចូលមកស្ថានីយរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា)កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ពេលនេះម្ចាស់គណនីនេះបានទទួលស្គាល់កំហុសរបស់ខ្លួន និងបានផ្ដល់ការសុំទោសជាសាធារណៈ តាមរយៈសារសម្ដែងការសោកស្តាយ និងវីដេអូជាផ្លូវការក្នុងគណនីហ្វេសប៊ុករបស់លោក។ ដោយយល់ថា ការសុំទោសនោះបង្ហាញពីទំនួលខុសត្រូវរបស់ម្ចាស់គណនីខាងលើ អ្នកឧកញ៉ាគ្មានបំណងបន្តចាត់វិធានការផ្លូវច្បាប់បន្តនោះទេ។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សូមអំពាវនាវឱ្យសាធារណជនទាំងអស់ ប្រើប្រាស់បណ្តាញសង្គមដោយមានទំនួលខុសត្រូវ បញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងជៀសវាងការចោទប្រកាន់ដោយគ្មានភស្តុតាង។ ការបង្ហោះព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់អាចបង្កឱ្យមានការយល់ច្រឡំដែលប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែកញ្ញា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phal Chamroeun បានបង្ហោះសារអំពីការនាំចូលប្រេងរបស់ស្ថានីយរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ដោយលោកនៅមិនជឿថា ជាការនាំចូលប្រេងរបស់ក្រុមហ៊ុនអាមេរិក និងបន្តចោទប្រកាន់មកលើក្រុមហ៊ុន PEACE ដោយគ្មានមូលដ្ឋាន។ ឆ្លើយតបទៅនឹងរឿងនេះ អ្នកឧកញ៉ា ទៀត វិចិត្រ ក៏បានចេញសារថា មនុស្សទ្រាំការលំបាកបាន ប៉ុន្តែមិនអាចទ្រាំឱ្យគេមើលងាយបាននោះទេ ស៊ូទ្រាំស្ងៀមស្ងាត់បាន ប៉ុន្តែមិនអាចទ្រាំឱ្យគេមួលបង្កាច់បានដាច់ខាត ជួបគ្នាឆាប់ៗ ម្ចាស់គណនីឈ្មោះ Phal Chamroeun៕



