អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនវៀតណាម មកវិនិយោគបន្ថែមនៅកម្ពុជា ព្រោះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសព្រះរាជាណាចក្រកម្ពុជា បានជំរុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹង ភាពប្រកួតប្រជែង ក្នុងទីផ្សារពិភពលោក។

ការអំពាវរបស់អ្នកឧកញ៉ាខាងលើនេះ បានធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការទូតសេដ្ឋកិច្ច និងជម្រុញការផ្សារភ្ជាប់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងវៀតណាម និងកម្ពុជាឱ្យកាន់តែប្រសើរ ឡើងបន្ថែមទៀត។
ក្នុងវេទិការធុរកិច្ចនេះ អ្នកឧកញ៉ា ឡាវ កាង បានថ្លែងថា វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងនាពេលនេះគឺជា កាលានុវត្តភាពដ៏ល្អសម្រាប់ឱ្យធុរជន និង វិនិយោគិន នៃប្រទេសទាំងពីរ ធ្វើការផ្សព្វផ្សាយពី ផលិតផល និងសេវាកម្ម របស់ខ្លួន ហើយក៏ជាឱកាសដ៏ល្អ ដើម្បីឱ្យធុរជន និងវិនិយោគិន បានជួបប្រាស្រ័យ ទាក់ទងគ្នាដោយផ្ទាល់ ដើម្បីសម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនវៀតណាម មកវិនិយោគបន្ថែមនៅកម្ពុជា ព្រោះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសព្រះរាជាណាចក្រកម្ពុជា បានជម្រុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹង ភាពប្រកួតប្រជែង ក្នុងទីផ្សារពិភពលោក។ ជាពិសេសរាជរដ្ឋាភិបាលបានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលជាខេត្ត មានសក្តានុពលលើដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។
លើសពីនេះ ក៏មានកម្មវិធីពិសេសដោយមានការគាំទ្រលើ៖ ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ២.ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ៣.ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។ ហើយកម្ពុជាក៏មានទីផ្សារទូលំទូលាយក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-វៀតណាម បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់សរុប ១០.៩ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀប ទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រំពឹងថានឹងឈានទៅដល់ ២០ប៊ីលានដុល្លារ៕









