អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង បានប្រកាសផ្តល់ឥណទាន ចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ស្ត្រីនៅកម្ពុជា។

ការប្រកាសខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ដែលហៅកាត់ «ម.ស.ស.ស ឬ WEE-DC» របស់ក្រសួងកិច្ចការនារី មានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា មជ្ឈមណ្ឌល WEE-DC ដែលដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ជាពិសេសមូលធនស្រ្តី ឱ្យចូលរួមប្រកបដោយបុរេសកម្ម គុណតម្លៃខ្ពស់ និងពេញលេញ នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវបណ្ឌិត បានបន្ថែមនៅលើទំព័រហ្វេសប៊ុកទៀតថា ប្រសិនបើអ្នកអប់រំបុរស អ្នកអប់រំបុគ្គលម្នាក់ ប៉ុន្តែប្រសិនបើអ្នកអប់រំស្ត្រី អ្នកអប់រំសហគមន៍។ ផ្តល់ការអប់រំ ចំណេះដឹង ផ្តល់ឋានៈ តួនាទី ជួយគាំទ្រដល់ស្ត្រី គឺជាការចូលរួមជួយដល់សហគមន៍ និងប្រទេសជាតិរបស់យើង។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី គឺជាកន្លែងប្រមូលផ្តុំ ដែលអនុញ្ញាតឱ្យវិស័យរដ្ឋ និងឯកជនសង្គមស៊ីវិល ដូចជា ស្ថាប័នហិរញ្ញវត្ថុ អ្នកសិក្សាស្រាវជ្រាវ អ្នកបច្ចេកទេស ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល សាធារណជន អនុវត្តការងាររួមគ្នា ក្នុងភាពជាដៃគូដើម្បីបង្កើតនូវគំនិត និងការវិនិយោគរួម (Co-Creation and Co-Investment)។ មជ្ឈមណ្ឌលនេះមានបេសកកម្ម ក្នុងការអភិវឌ្ឍសហគ្រិនភាពនិងបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចគ្រួសារ។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ក៏បានប្រកាសផ្តល់ឥណទាន ២០០លានដុល្លារអាម៉េរិក ក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាផងដែរ។
ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាម៉េរិក។ បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី៥ លើទ្រព្យសកម្មសរុប និងទី៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា៕








