នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារកៀរគរថវិកានៅស្តង់មូលនិធិជនភៀសសឹក ដែលមានទីតាំងស្ថិតនៅ Royal One ស្តុបកាណាឌីយ៉ា ច្រមុះជ្រូកជិតអតីតប៉ុស្តិ៍លេខ៣ ចាស់ និងនៅទីតាំងមួយកន្លែងទៀត ស្ថិតនៅមុខក្រុមហ៊ុន សែលកាត ក្បែរវិមានឯករាជ្យ ក្នុងគោលបំណងដើម្បីរៀបចំកៀរគរមូលនិធិពីមហាជន ដើម្បីយកទៅជួយជនភៀសសឹកជាបន្ទាន់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាអនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក នឹងដឹកនាំរៀបចំវេចខ្ចប់បន្ទាន់នូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចម្រុះ ដូចជា ភួយ, ក្រម៉ា, សារ៉ុង, ច្រាស់ដុះធ្មេញ, ថ្នាំដុះធ្មេញ, ប្រេងកូឡា, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, អង្ករ, ត្រីងៀត ដាច់ក្រក និងរបស់របរផ្សេងៗទៀត ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹកនៅជំរំសុវត្ថិភាព។
សូមបញ្ជាក់ថា ការវេចខ្ចប់នេះ ត្រូវបានរៀបចំនៅព្រឹកថ្ងៃអង្គារ ទី១៦ នេះ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅ Royal One ស្តុបកាណាឌីយ៉ា អតីតប៉ុស្តិ៍លេខ ៣ចាស់ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវចាំបាច់នៅជំរំភៀសសឹក៕







