អ្នកឧកញ៉ា ម៉ម វណ្ណឌី ចូលរួមជាសហអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយធនាគារ ARDB

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមអតីតយុទ្ធជន និងនិវត្ត​ជនកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសមាគមបណ្តាញ​កសិករ​តេជោ នៅទីស្នាក់ការកណ្ដាល អ.ន.ក. ស្ថិតនៅ​ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមពី អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធាន អ.ន.ក. និងតំណាងសមាគមបណ្ដាញកសិករតេជោ ព្រមទាំងប្រតិភូសមាគម និងមន្រ្តីធនគារ ARDB ជាច្រើនរូបទៀត។ កិច្ចសហការនេះ ផ្ដោតលើកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការ​ផ្ដល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជន។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការជាមួយធនគារក្នុងស្រុកមួយរបស់រដ្ឋមួយនេះ ដែលជារបត់ថ្មី​មួយទៀតរបស់សមាគមក្នុងការជួយគិតគូរពីជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បានសំណូមពរដល់ធនាគារមេត្តាយោគយល់ និងជួយសម្រួលក្នុងការយកការប្រាក់ពីបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង្វិលប្រាក់ត្រឡប់ទៅវិញ។

ឯកឧត្តមអគ្គលេខាធិការក៏បានមានប្រសាសន៍ឱ្យដឹងទៀតថា ដើម្បីជំរុញ និងពន្លឿនកម្មវិធីឱ្យស្របតាមកិច្ច​សហការគ្នា​ខាងលើនេះ សមាគមក៏បានត្រៀមដីជាង ១០០ហិកតា សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងចិញ្ចឹមជ្រូកកណ្ដុរ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដែលគម្រោងនេះ​នឹងចាប់ផ្ដើមអនុវត្តនាចុងឆ្នាំ២០២៥នេះ។

តាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB) គោលនយោបាយផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ ជូនអតីតយុទ្ធជន​គឺមានអត្រាការប្រាក់ទាបបំផុត និងពុំត្រូវការប្រាក់ធានា ឬការដាក់របស់ទ្រព្យបញ្ចាំនោះទេ។

លោក ជេត ភិរម្យ អនុប្រធាន សមាគមបណ្ដាញកសិករតេជោ បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការជំរុញការ​អភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចគ្រួសាររបស់អតីតយុទ្ធជន និងនិវត្តជននេះ ក្រៅពីផ្ដល់ហិរញ្ញប្បទានពីធនាគារ ក៏មានការជួយគាំទ្រពីសមាគមបណ្ដាញកសិករតេជោនូវបច្ចេកទេសធ្វើកសិកម្ម និងចិញ្ចឹមសត្វផងដែរ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានលើកឡើងដែរថា គម្រោងអភិវឌ្ឍ​វិស័យកសិកម្ម និងចិញ្ចឹមជ្រូកកណ្ដុរនេះ ជំហានដំបូងសមាគមសាកល្បងសហការជាមួយអតីតយុទ្ធជន និងនិវត្ត​ជន ចំនួន១៥០ គ្រួសារនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងសិន  ក្រោយទទួលបានជោគជ័យ​សមាគមនឹង​បន្តពង្រីកទៅភូមិអតីតយុទ្ធជន និងនិវត្តជន ទូទាំងប្រទេស។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់បន្ថែមថាគម្រោង​អភិវឌ្ឍន៍​កសិកម្ម និងចិញ្ចឹមសត្វក្នុងភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជននេះ មិនត្រឹមតែជួយបង្កើតមុខរបរ​ជូនពួក​គាត់ទេ ថែមទាំងរកទីផ្សារជូនពួកគាត់ថែមទៀត ពោលគឺជ្រូក​ដែលពួកគាត់ចិញ្ចឹមបាននឹង​មានក្រុមហ៊ុនចាំទទួល​ទិញក្នុងតម្លៃថេរដោយមិនគិតពីតម្លៃទីផ្សារធ្លាក់ចុះនោះទេ។ ដូច្នេះអតីតយុទ្ធជន និងនិវត្តជន មិនប្រឈមនឹង​ហានីភ័យទីផ្សារឡើយ។

សូមបញ្ជាក់ជូនថា អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការបង្កើតឱកាសឱ្យមានកិច្ចសហប្រតិបត្តិការ​ផ្លាស់ប្តូរ​ព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម, ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានដើម្បី​លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចជនបទ​ក្នុងគោលបំណងរួមចំណែកជា​រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍៕