លោកទន្តបណ្ឌិត ថាន់ ថាំ និង ឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ សហការផ្តល់សេវាដាក់ធ្មេញដោយឥតគិតថ្លៃ ដល់វីរកងទ័ពកម្ពុជា

ជុំវិញ​ឧកញ៉ា

ភ្នំពេញ — លោកទន្តបណ្ឌិត ថាន់ ថាំ នាយកមន្ទីរព្យាបាលធ្មេញឌ្រីម បានសហការជាមួយ ឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៉ីង (Zhong Ying International School – ZYIS) ដើម្បីផ្តល់សេវាដាក់ធ្មេញដោយឥតគិតថ្លៃ ដល់វីរកងទ័ពកម្ពុជា ដែលមានតម្រូវការ ក្នុងស្មារតីមនុស្សធម៌ និងការគោរពចំពោះការលះបង់របស់វីរកងទ័ពជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីមនុស្សធម៌នេះ ត្រូវបានផ្តួចផ្តើមឡើង ដោយយល់ឃើញពី ការលះបង់ និងវីរភាពដ៏អង់អាចរបស់វីរកងទ័ព ដែលបានឈរជើងបំពេញភារកិច្ចការពារប្រទេសជាតិនៅតាមបណ្តាសមរភូមិ និងតំបន់ព្រំដែន។ ជាក់ស្តែង វីរកងទ័ពមួយចំនួនកំពុងប្រឈមនឹងបញ្ហាសុខភាពមាត់ធ្មេញ ដែលប៉ះពាល់ដល់ការទទួលទានអាហារ សុខភាព និងគុណភាពជីវិតប្រចាំថ្ងៃ។

ក្នុងដំណាក់កាលដំបូង វីរកងទ័ពចំនួន ៣ រូប បានទទួលសេវាព្យាបាល និងដាក់ធ្មេញដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ នៃមន្ទីរព្យាបាលធ្មេញឌ្រីម។ ទន្ទឹមនឹងនេះ កម្មវិធីនឹង បន្តផ្តល់សេវានេះ ដល់វីរកងទ័ពផ្សេងទៀតដែលមានតម្រូវការ ជាបន្តបន្ទាប់ ដោយមិនមានការកំណត់ចំនួន។

សូមបញ្ជាក់ថា ឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ តែងតែចូលរួមសកម្មក្នុងសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងបងប្អូនជាតិខ្មែរ ជាពិសេសវីរកងទ័ព និងប្រជាជនដែលរងផលប៉ះពាល់ពីបញ្ហាព្រំដែន ដោយបានឧបត្ថម្ភទាំងថវិកាសប្បុរសធម៌ និងថវិកាផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ក្នុងបំណងលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់វីរកងទ័ពកម្ពុជា៕