សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនអ្នកឧកញ៉ា ចេន ហ្ស៊ី និងពលរដ្ឋចិន ២រូបទៀត បញ្ជូនទៅប្រទេសចិន

ជុំវិញ​ឧកញ៉ា

សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ចំនួន៣នាក់ រួមមាន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ព្រមទាំងឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពី​សមត្ថកិច្ច​នៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ផងដែរថា ឈ្មោះ Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ​ដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

គួររំឭកថា អ្នកជំនួញជនជាតិចិន ដែលធ្លាប់ទទួលបានសញ្ជាតិកម្ពុជា លោក ចេន ហ្ស៊ី ទទួល​បាន​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៦ និងទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០២០៕