នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) រួមនឹងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) ក្រុមការងារយុទ្ធសាស្រ្ត និងក្រុមប្រឹក្សាអ្នកជំនាញ (គ.ផ.គ.ព)។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) ព្រមទាំងមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងស្ថាប័នផ្នែកឯកជនដែលជាសមាជិករបស់ គ.ផ.គ.ព ជាច្រើនផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីអនុញ្ញាត្តិឱ្យសមាជិកពាក់ព័ន្ធចូលរួមផ្តល់យោបល់ ក៏ដូចជាធាតុចូលពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅធានាប្រសិទ្ធភាពនៃការអនុវត្តឱ្យស្របតាមលក្ខខណ្ឌ និងអត្ថប្រយោជន៍ជាក់ស្តែករបស់កម្ពុជា។
គួរបញ្ជាក់ថា គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ហៅកាត់ថា (គ.ផ.គ.ព) ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលគណៈកម្មាធិការនេះដើរតួជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់យោបល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយទាំងនោះ ជាពិសេសការបង្កើនការនាំចេញទៅកាន់ទីផ្សារ ឬដៃគូពាណិជ្ជកម្មសក្កានុពលតាមរយៈការពង្រឹងសមត្ថភាពផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក ឱ្យស្របតាមលក្ខខណ្ឌទីផ្សារនីមួយៗ៕





