អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូកម្ពុជា ចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងក្រុមហ៊ុនកែច្នៃ​ផលិតផលទឹកដោះគោ ប្រទេសវៀតណាម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារ​វិនិយោគ​របស់សមាគម នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូកម្ពុជា​ទៅទស្សនកិច្ចនៅ​តាម​បណ្ដាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងទីតាំងក្រុមហ៊ុនកែច្នៃផលិតផលទឹកដោះគោ ដែលស្ថិតនៅតំបន់​ខាងលិច​នៃទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់សមាគមសហគ្រិន និងអាជីវកម្ម​អតីតយុទ្ធជនវៀតណាម (AVEB)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នតាមរយៈក្រុមហ៊ុនកែច្នៃផលិតផលទឹកដោះគោនេះ ក្រៅពីមានកសិដ្ឋានចិញ្ចឹមដោយខ្លួនឯង ក្រុមហ៊ុន​ក៏បានចងបណ្ដាញចិញ្ចឹមគោជាមួយគ្រួសារកសិករជាង ២០០គ្រួសារបន្ថែមទៀត ដែលនៅក្នុងនោះមានប្រមាណ ៤០គ្រួសារ ជាអតីតយុទ្ធជនវៀតណាម។

ក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគ​របស់​សមាគម ក៏បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារធុរកិច្ចជាមួយលោកជំទាវ ង្វ្រៀន ធីបាវហៀន អនុប្រធាន​សមាគមសហគ្រិន និងអាជីវកម្មអតីតយុទ្ធជនវៀតណាម (AVEB) នៅទីស្នាក់ការកណ្ដាល​សមាគម​អតីត​យុទ្ធជនវៀតណាម ដោយមានការអញ្ជើញចូលរួមពីបណ្ដាសហគ្រិនដែលជាអតីតយុទ្ធជនវៀតណាម និងម្ចាស់​ក្រុមហ៊ុនតូច ធំ នៅក្នុងប្រទេសវៀតណាម រួមមាន ក្រុមហ៊ុនផលិតមី ក្រុមហ៊ុនចិញ្ចឹមគោ និងក្រុមហ៊ុនកែច្នៃ​ផលិតផលទឹកដោះគោជាដើម។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានមានប្រសាសន៍ថា គោលបំណង​ចម្បងនៃ​កិច្ចពិភាក្សាការងារនេះផ្ដោតសំខាន់លើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងការបង្កើតឱកាសកិច្ចសហ​ប្រតិបត្តិការ​លើអាជីវកម្មនានាដែលជាប្រយោជន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអតីតយុទ្ធជន​វៀតណាម។ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបន្តថាបច្ចុប្បន្នបើទោះបីជាកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយ​ប្រទេសថៃ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបានមើលរំលងពីការកសាងសេដ្ឋកិច្ចជាតិនោះទេ ពោលគឺកម្ពុជានៅតែបន្ត​កៀរគរការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ៕