នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋារគារ សុខា រ៉េស៊ីដិន, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) អមដោយអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកពាក់ព័ន្ធផ្សេងទៀត បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសជាផ្លូវការ “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ តំណាងសហគ្រាស សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានថ្លែងថា ការប្រកាសជាផ្លូវការ និងការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ក៏ជាការឆ្លើយតបមួយផងដែររបស់រាជរដ្ឋាភិបាល ទៅនឹងសំណើរ សំណូមពរ ដែលជាបញ្ហាប្រឈមរបស់វិស័យឯកជន ដែលស្នើឡើងនៅក្នុងកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
សូមជម្រាបជូនថា ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់លើនិន្នាការតំបន់ និងសកល ក៏ដូចជាស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ រដ្ឋសភា ប្រកាន់យកនូវគោលការណ៍រួមដូចខាងក្រោម៖
ទី១. បន្តរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរៀបចំ និងអនុវត្តវិធានការគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។
ទី២. បន្តស្តារ និងជំរុញការអភិវឌ្ឍវិស័យចន្ទល់កំណើនសេដ្ឋកិច្ច (ដូចជា វិស័យកសិកម្ម, កាត់ដេរ, សំណង់ និង អចលនទ្រព្យ, និង ទេសចរណ៍) រួមទាំងជំរុញការវិនិយោគលើឧស្សាហកម្ម ដើមខ្សែ (Upstream Industry)។
ទី៣. ជំរុញប្រភពកំណើនថ្មី ដែលមានសក្តានុពលខ្ពស់ ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យឌីជីថល និងវិស័យកសិ-ឧស្សាហកម្ម ជាដើម។
ទី៤. ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច, លើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង, បង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគ និងបង្កើនពិពិធភាពទីផ្សាររបស់កម្ពុជា។
ទី៥. ពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសលើទំនិញយុទ្ធសាស្ត្រ និងពង្រឹងកិច្ចគាំពារសង្គម ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិបរមាពីវិបត្តិផ្សេងៗ។
និង ទី៦. ពង្រឹងសមត្ថភាពក្នុងការសម្លឹងឆ្ពោះទៅមុខ និងការព្យាករ និងការវិភាគពីបញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិការណ៍ដែលមានភាពមិនប្រាកដប្រជាខ្ពស់។
សូមជម្រាបថា ដើម្បីសម្រេចបេសកកម្មស្របតាមគោលការណ៍រួមខាងលើ កម្មវិធីនេះនឹងដាក់ចេញនូវកញ្ចប់វិធានការដែលមានលក្ខណៈច្បាស់លាស់ ជាក់ស្តែងនិយម និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព ដោយចែកចេញជា ៣ សសរស្តម្ភ/កម្មវិធីដូចជា៖ សសរស្តម្ភទី១.កម្មវីធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លី ទៅមធ្យម, សសរស្តម្ភទី២.កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ និងសសរស្តម្ភទី៣.កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ៕






