នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារវិមានសាមគ្គីភាព(អគារថ្មីព្រឹទ្ធសភា)។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានទី១ ទី២ និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ទ្រី ភាព, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា វ៉ាន់ ឆារស៍ និងឧកញ៉ាៗ បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។
សូមជម្រាបថា អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មានកម្ពស់បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាលប្រជុំព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានា។ ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ៕


















