កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) បានរៀបចំនិងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបជុំសំណេះសំណាលបុគ្គលិកមហាគ្រួសារកាណាឌីយ៉ា ឆ្នាំ២០២៦ (CANADIA FAMILY TOWNHALL 2026) ដោយមានស្ត្រីមួយរូប អង្គុយអមជាមួយកៅអីគណៈអធិបតី នៅសាលមហោស្រពកោះពេជ្រ។

ចំពោះស្ត្រីដែលអង្គុយក្បែរកំពូលអ្នកជំនួញនៅកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ខាងលើនេះ មានឈ្មោះថា លោកស្រីវេជ្ជបណ្ឌិត លឹម លីណា (Dr. Carolyne Pung) មានតួនាទីជា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC), សហស្ថាបនិក និងជា CEO មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ផងដែរ។
យោងតាមគេហទំព័រ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបង្ហាញពីប្រវត្តិរូបរបស់ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ឱ្យដឹងថា លោកស្រីបានកើតនៅរាជធានីភ្នំពេញ បន្ទាប់មកបានទៅរស់នៅធំដឹងក្តី និងសិក្សានៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ និងបានទទួលសញ្ញាបត្រវេជ្ជបណ្ឌិត នៅឆ្នាំ២០០០។ លោកស្រី បានបន្តជំនាញខាងវេជ្ជសាស្ត្រផ្នែកគ្រួសារ ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ុងរ៉េអាល់ក្នុងឆ្នាំ២០០២។ រយៈពេលជិត ៥ឆ្នាំ លោកស្រីបានចេញបំពេញការងារនៅមន្ទីរពេទ្យ និងគ្លីនិកឯកជនផ្សេងៗគ្នា នៅខេត្ត Quebec និង Ontario ប្រទេសកាណាដា។
ក្នុងឆ្នាំ២០០៧ ដោយសារហេតុផលគ្រួសារ លោកស្រីបានមករស់នៅកម្ពុជាវិញ។ ក្នុងគោលបំណងរក្សាវិជ្ជាជីវៈរបស់ខ្លួន លោកស្រីបានបំពេញការងារក្រៅម៉ោង ក្នុងតួនាទីជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រ នៅគ្លីនិកអន្តរជាតិ International SOS Clinic/Raffles Medical ក្នុងរាជធានីភ្នំពេញ រហូតដល់ឆ្នាំ២០២០។
ប្រភពខាងលើដដែល បានបន្ថែមថា លោកស្រីវេជ្ជបណ្ឌិត លឹម លីណា (Dr. Carolyne Pung) គឺជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ហើយលោកស្រី ក៏មានតួនាទីជា នាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ ផងដែរ៕






