ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហាន់ ឃៀង ចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង (ខេមបូឌា) ឯ.ក (Muhibbah Engineering (Cambodia) Co.,Ltd) របស់​អ្នកឧកញ៉ា ហាន់ ឃៀង អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលជា​សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះ​បើតាម​ការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។   

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Muhibbah Engineering (Cambodia) Co.,Ltd ដែលមាន អ្នកឧកញ៉ា ហាន់ ឃៀង ជាប្រធានក្រុមហ៊ុន បាន​បើក​ដំណើរការ​ តាំងពី​​ខែមករា ឆ្នាំ២០០៨។ ក្រុមហ៊ុននេះមានសេវាកម្ម ធ្វើផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន ប្រេងនិងឧស្ម័នហ្គាស ការសាងសង់កំពង់ផែ និងសេវាកម្មជាច្រើនទៀត។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕