នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប និងឧកញ៉ា សាយ សុភ័ត្រា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព និមន្តទស្សនា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

ក្រុមហ៊ុន បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ បានបញ្ចប់ការសាងសង់បល្ល័ង្កផ្កាឈូកហើយ និងកំពុងបន្តដំណើរការយ៉ាងសកម្មនៃការសាងសង់ព្រះពុទ្ធប្បដិមាផ្ចាញ់មារអង្គធំ។
ក្នុងឱកាសនេះដែរ សម្តេចព្រះឧត្ដមវង្សា ក៏បាននិមន្តទស្សនាដំណើរការសាងសង់កុដិភិក្ខុសង្ឃនៅក្នុងវត្តព្រះអង្គធំភ្នំបូកគោផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ឪពុករបស់ឧកញ៉ា សុខ ចន្ធី បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕






