ឧកញ៉ា ខេមរៈ សិរីមន្ត គ្រោងនិមន្តព្រះសង្ឃ ១០០អង្គ ឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់វីរៈកងទ័ព ដែលពលីជីវិតការពារជាតិមាតុភូមិ

ជុំវិញ​ឧកញ៉ា

កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត របស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសថានឹងនិមន្តព្រះសង្ឃចំនួន ១០០អង្គ ដើម្បីឧទ្ទិសកុសលវិញ្ញាណក្ខន្ធជូនដល់វីរៈកងទ័ពដែលពលីជីវិតការពារជាតិមាតុភូមិ អំឡុងពេលសង្គ្រាមរវាងកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក នៅព្រលប់ថ្ងៃចន្ទនេះ លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “ខ្ញុំដឹងថាពូមីងបងប្អូនក៏មានអារម្មណ៍មិនខុសពីខ្ញុំទេ កាលពីសង្គ្រាមឈ្លានពានថៃមកលើខ្មែរយើង មានក្តីរន្ធត់ស្រណោះដល់វីរៈទ័ពដែលបានខិតខំការពារទឹកដីរហូតពលីជីវិត ដើម្បីជាតិមាតុភូមិខ្លាំងណាស់។ នៅថ្ងៃទី១ ខែមេសានេះ ខ្ញុំនឹងនិមន្តព្រះសង្ឃ ១០០ អង្គឧទ្ទិសកុសលវិញ្ញាណក្ខនពួកគាត់ សូមពូមីងបងប្អូនជនរួមជាតិខ្មែរនៅទីជិតទីឆ្ងាយអញ្ជើញចូលរួមរាប់បាត្រនិងអនុមោទនាបុណ្យទាំងអស់គ្នា”។

សូមជម្រាបថាបើតាម ឧកញ៉ា ខេមរៈ សិរីមន្ត ពិធីរាប់បាត្រព្រះសង្ឃ ចំនួន ១០០អង្គ ឧទិសកុសលជូនវីរៈកងទ័ព ដែលបានពលីដើម្បីជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដោយជួបជុំពុទ្ធបរិស័ទ នៅម៉ោង ០៧:០០ ព្រឹក និងម៉ោង ០៨:០០ ព្រឹក ចាប់ផ្តើមរាប់បាត្រ ហើយកម្មវិធីនឹងបញ្ចប់ បន្ទាប់ពីពុទ្ធបរិស័ទ រាប់បាត្ររួចរាល់។ ចំពោះកម្មវិធីនឹងធ្វើឡើងនៅគេហដ្ឋានរបស់លោកឧកញ៉ាផ្ទាល់ ស្ថិតនៅទល់មុខសួនសុបិន្ត ចំការព្រីង ក្បែរវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕