លោក តាន់ គឹមសួរ ផ្ញើសារថ្លែងអំណរគុណនិងកោតសរសើរ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែលបន្តឧបត្ថម្ភគាំទ្រគម្រោង «សិល្បៈដើម្បីសន្តិភាព» នៅខេត្តព្រៃវែង

ជុំវិញ​ឧកញ៉ា

លោក តាន់ គឹមសួរ បានផ្ញើសារគោរពថ្លែងអំណរគុណ និងកោតសរសើរចំពោះ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយក នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលបន្តជួយឧបត្ថម្ភ និងគាំទ្រគម្រោង «សិល្បៈដើម្បីសន្តិភាព» នៅខេត្តព្រៃវែង បន្ទាប់ពីអ្នកឧកញ៉ា បណ្ឌិត បានឧបត្ថម្ភគាំទ្រគម្រោងមួយនេះនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី៧ ខែមេសា លោក តាន់ គឹមសួរ ស្ថាបនិកគម្រោង «សិល្បៈដើម្បីសន្តិភាព» បានលើកឡើងបែបនេះថា៖ “គោរពជម្រាបជូនឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។ យើងខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះបងប្រុសដែលបានផ្តល់ការគាំទ្រយ៉ាងសប្បុរស និងបន្តឈរជាមួយគម្រោងរបស់យើងជានិច្ច។

ការឧបត្ថម្ភនូវថវិកា និងការគាំទ្រផ្នែកដឹកជញ្ជូនពី ពីក្រុមហ៊ុន វិរៈ ប៊ុនថាំ សម្រាប់សិល្បករ និងក្រុមការងារសម្របសម្រួលពីបណ្តាខេត្តផ្សេងៗ មកកាន់ខេត្តព្រៃវែង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

ឆ្នាំនេះគឺជា យើងបានរៀបចំគម្រោង ៣ ជាប់ៗគ្នា ហើយវិរៈប៊ុនថាំបានបន្តគាំទ្រយើង។ ការជឿជាក់ និងការចូលរួមរបស់បងប្រុស គឺជាកម្លាំងដ៏ធំមួយសម្រាប់ក្រុមការងារ ក៏ដូចជាសហគមន៍ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង «សិល្បៈដើម្បីសន្តិភាព» នេះ។

ខណៈដែលការគាំទ្រផ្នែកធ្វើដំណើរបានអនុញ្ញាតឲ្យសិល្បករ និងក្រុមការងារមកពីខេត្តផ្សេងៗ អាចធ្វើដំណើរមកជួបជុំគ្នានៅខេត្តព្រៃវែង ដើម្បីបង្កើតស្នាដៃដ៏មានន័យនេះជាមួយគ្នា។ ដោយសារការគាំទ្ររបស់បងប្រុស ចម្ងាយមិនមែនជាឧបសគ្គសម្រាប់ការច្នៃប្រឌិត និងសាមគ្គីភាពឡើយ”។

លោក តាន់ គឹមសួរ បានបញ្ជាក់ថា ការឧបត្ថម្ភនេះ មិនមែនត្រឹមតែជាការផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើ សន្តិភាព ការលើកទឹកចិត្តយុវជន ការអភិរក្សវប្បធម៌ និងសាមគ្គីភាពជាតិ តាមរយៈសិល្បៈ។ ក្រុមការងាររបស់លោកមានកិត្តិយសយ៉ាងខ្លាំងដែលបានបន្តដំណើរដ៏មានន័យនេះជាមួយដៃគូដ៏ជឿជាក់ និងគាំទ្រតាំងពីជំពូកដំបូង រហូតមកដល់ជំពូកទី ៣ នេះ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ និងសង្ឃឹមថាអាចបន្តសហការបង្កើតជំពូកដ៏មានន័យជាច្រើនទៀតនាពេលអនាគត៕