ឧកញ៉ា ងួន ម៉េងតិច អញ្ជើញបើកសិក្ខាសាលាស្តីពីមាគ៌ាអប់រំសកល ដើម្បីគាំទ្រការរៀបចំអ្នកបន្តវេនអាជីវកម្ម និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាសាស្តីពី មាគ៌ាអប់រំសកលសម្រាប់គ្រួសារម្ចាស់អាជីវកម្ម ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអ៊ីស្គូលខេមបូឌា (E-School Cambodia) ក្នុងគោលបំណងជំរុញការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយមានការចូលរួមពីតំណាង ANIBT អូស្ត្រាលី iSkills Hub ព្រមទាំងម្ចាស់អាជីវកម្ម និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើកសិក្ខាសាលានេះ ឧកញ៉ា ងួន ម៉េងតិច បានថ្លែងថា ការវិនិយោគលើការអប់រំអន្តរជាតិរបស់បុត្រធីតា គឺជា «ការវិនិយោគជាយុទ្ធសាស្ត្រ»។ តាមរយៈការសិក្សាក្នុងបរិយាកាសកម្រិតពិភពលោក ដូចជានៅប្រទេសអូស្ត្រាលី សិស្សានុសិស្សនឹងទទួលបាននូវផ្នត់គំនិត និងសមត្ថភាពអន្តរជាតិដែលចាំបាច់ ដើម្បីធ្វើទំនើបកម្មសហគ្រាសគ្រួសារ និងរួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឧកញ៉ា ងួន ម៉េងតិច បានបន្ថែមថា សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ការរក្សានិរន្តរភាពអាជីវកម្មឱ្យបានគង់វង្សតជំនាន់ គឺជាបំណងប្រាថ្នាដ៏ធំបំផុត។ ការបង្កើតអាជីវកម្មឱ្យជោគជ័យគឺជារឿងពិបាក ប៉ុន្តែការរក្សាអាជីវកម្មឱ្យមាននិរន្តរភាពទៅជំនាន់ក្រោយ គឺរឹតតែមានភាពប្រឈមខ្លាំងជាងនេះទៅទៀត។ មូលហេតុចម្បងដែលនាំឱ្យអាជីវកម្មគ្រួសារភាគច្រើនជួបហានិភ័យ គឺការខ្វះចន្លោះក្នុងការរៀបចំផែនការបន្តវេន ឬការខកខានក្នុងការបណ្តុះបណ្តាល “មរតកចំណេះដឹង” ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការវិនិយោគលើការសិក្សារបស់បុត្រធីតា គឺជាកត្តាចាំបាច់បំផុតដែលត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះ បានជជែកពិភាក្សាលម្អិតអំពីការត្រៀមលក្ខណៈ និងមូលដ្ឋានគ្រឹះនានាដែលចាំបាច់សម្រាប់បណ្តុះបណ្តាល និងបញ្ជូនបុត្រធីតាទៅសិក្សានៅក្រៅប្រទេសជាពិសេសប្រទេសអូស្ត្រាលី និងវិធីសិក្សាមូលដ្ឋានគ្រឹះរយៈពេល ៦ខែ ព្រមទាំងបទពិសោធន៍ជោគជ័យនៅតាមបណ្តាប្រទេសនានាផងដែរ៕