នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញដឹកនាំប្រតិភូ ទៅទស្សនកិច្ចពាណិជ្ជកម្មនៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន រយ:ពេល ៤យប់ ៥ថ្ងៃ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោក GAO liang ប្រធានសភាពាណិជ្ជកម្មខេត្តហឺណាន ប្រចាំប្រទេសកម្ពុជា ក្រោយពីការចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តហឺណាន ប្រចាំកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
គោលបំណងនៃដំណើរទស្សនកិច្ចគឺ៖
១.ការផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ៖ បង្កើនការជួញដូរទំនិញ និងទាក់ទងការវិនិយោគពីសហគ្រាសខេត្តហឺណាន មកខេត្តបាត់ដំបង។
២.ការសហការផ្នែកកសិកម្ម និងអាហារ៖ ជំនួយបច្ចេកវិទ្យាកសិកម្ម ការរួមបញ្ចូលខ្សែសង្វាក់ ចាប់ពីផលិតដល់ទីផ្សារ ដើម្បីបង្កើនផលិតភាព និងចំណូលដល់កសិករ។
៣.ការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍៖ លើកកម្ពស់ការប្រាស្រ័យទាក់ទង ដើម្បីធ្វើការផ្លាស់ប្ដូរទស្សនកិច្ចពាណិជ្ជកម្ម ចំពោះអត្ថប្រយោជន៍រួម។
៤.ជំរុញការផ្គត់ផ្គង់ទីផ្សារ បណ្តុះបណ្តាល និងប្រើប្រាស់បណ្ដាញហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានរឹងមាំជាងមុន។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ អ្នកឧកញ៉ា ភួ វាសនា និងប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនកិច្ចទីតាំងឧស្សាហកម្ម និងពាណិជ្ជកម្មនានាផ្សេងទៀតរួមមាន តំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុង Xin Xiang រោងចក្រផលិតជី Xilian Xing និងជំនួបជាមួយសមាគមសហគ្រាសធុនតូច និងមធ្យមនៅខេត្តហឺណាន។







